រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអរគុណលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំជំនាញដែលបានយកចិត្តខ្ពស់ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមដែលមានការពាក់ព័ន្ធជាមួយគ្នា ដោយឈរលើភាពត្រឹមត្រូវ ច្បាស់លាស់ ទោះបីក្រសួងពីរផ្សេងគ្នាក៏ដោយ តែបម្រើផលប្រយោជន៍រួមក្រោមដំបូល រាជរដ្ឋាភិបាលតែមួយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងទាំងពីរ គឺស្ថិតក្នុងប្រព័ន្ធ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង។ ដូច្នេះការពិនិត្យឡើង វិញការវិភាគមុខងារ និងរចនាសម្ព័ន្ធអនុវត្តន៍ដោយក្រសួង ស្ថាប័នសាមី ត្រូវផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងថ្នាក់ដឹកនាំបច្ចេកទេស ជំនាញ របស់ក្រសួងព័ត៌មាន បានដែលរួមសហការគ្នាល្អជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានរួមគ្នាធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ ដើម្បីឱ្យមានសុីចង្វាក់គ្នា ហើយមិនជាន់ការងារគ្នា អនុវត្តន៍រួមគ្នា ជាមួយកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *