សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពពលករខ្មែរ២នាក់ប្ដីប្រពន្ធ ក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារពលករខ្មែរ២នាក់ប្ដីប្រពន្ធ ដែលបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សាន់ សឿន និងលោកស្រី សុខ គិមសី សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *