(កំពង់ចាម)៖ ឆ្នេរខ្សាច់កោះប៉ែន ដែលស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងល្បែងកម្សាន្តប្លែកៗជាច្រើនតាមបែបលក្ខណៈប្រពៃណីជាតិខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចមកលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥នេះ។
បើតាមអ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែនលោក ប៊ុន ដារ៉ា ម្ចាស់រមណីដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» បានថ្លែងប្រាប់អ្នកយកព័ត៌មាន
ឱ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលលោកមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញរៀបចំរមណីដ្ឋាន តាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេច ដើម្បីឱ្យវិស័យទេសចរណ៍របស់យើងមានការរីកចម្រើន មានភាពទាក់ទាញ និងមានភ្ញៀវទេសចរចូលរួម។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ខាងមុខនេះ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានរៀបចំជាបន្តបន្ទាប់យ៉ាងស្រស់ស្អាត ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្ត បានឱ្យឆ្នេរកោះប៉ែន ចាប់ផ្តើមទទួលភ្ញៀវទេសចរ ចូលមកកម្សាន្តតាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦។ ដោយឡែកចំពោះការតុបតែង គឺយើងតុបតែងធ្វើយ៉ាងណាឱ្យរំលេចជាបុណ្យប្រពៃណីជាតិ និងមានកម្មវិធីប្លែកៗ ដូចជា៖ ចាប់រង្វាន់ចំពោះសំបុត្រដែលភ្ញៀវទេសចរបានទិញក្នុងម្នាក់ តម្លៃ២០០០រៀល ដោយឡែកនៅពេលរាត្រីមានការលក់ចំណីអាហារ ការប្រគុំតន្ត្រី រាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ ការលែងល្បែងប្រជាប្រិយ ក៏ដូចជាការប្រកួតបាល់ទះដណ្តើមពានរង្វាន់ប្រាក់លានផងដែរ។
លោកបានឱ្យដឹងទៀតថា ចំពោះបញ្ហាសេវាកម្មនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន មិនមែនតែឆ្នាំនេះទេ គឺរៀងរាល់ឆ្នាំ ទោះបីមានបុណ្យជាតិ ឬក៏ថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍ គឺមិនមានការឡើងថ្លៃទេ ទាំងការលក់ចំណីអាហារ ទាំងសំបុត្រចេញ-ចូល គឺយើងលក់តម្លៃដើម ជាមួយនឹងការការរក្សាអនាម័យ សណ្តាប់ធ្នាប់ ក៏ដូចជាការការពារសុវត្ថិភាព ពេលបងប្អូនចុះលេងទឹកផងដែរ៕
