ក្រចេះ : សមត្ថកិច្ចចម្រុះខេត្តក្រចេះ ដឹកនាំនិងដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃដ៏ធំមួយកន្លែង នៅស្រុកស្នួល និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ តាមនិតិវិធីច្បាប់ជាធរមាន។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ នៅចំនុចភូមិសាស្រ្តផ្សារស្នួល ក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើពីសំណាក់សមត្ថកិច្ចចម្រុះ ក្រោមការបញ្ជារពីឯកឧត្តម គឺ ប៊ុណារ៉ា ព្រះរាជអជ្ញាខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើ មានលួចស្តុក និងលក់សត្វព្រៃខុសច្បាប់ សមត្ថកិច្ចបានដឹកនាំកម្លាំងចម្រុះ និងដោយមានការបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។ ដោយមានកម្លាំងសហការជាមួយ នាយកដ្ឋានសត្វព្រៃនឹងជីវចម្រុះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្នែករដ្ឋបាលព្រៃឈើឆ្លូង។
ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការខាងលើ ធ្វើឡើងក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅដ្ឋាន ឈ្មោះ កែម នុន្នី ភេទស្រី អាយុ ៣៩ឆ្នាំ ជាម្ចាស់លំនៅដ្ឋាន បានឯកភាពឲ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសក្នុងបរិវេនទីតាំងខាងលើនេះ ហើយ ជាលទ្ធផល សមត្ថកិច្ចបានប្រទះឃើញ និងដកហូតពិតប្រាកដនូវបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមានដូចជា ៖ សាច់ឈ្លូស ១០ គីឡូក្រាម, សាច់ប្រឹស ១៨ គីឡូក្រាម, សាច់ជ្រូកព្រៃ ២៣ គីឡូក្រាម សត្វចាបស្រូវ ១០០ ក្បាល ស្នែងឈ្នូស កន្ទុយក្រងោក និងសត្វទរទាររស់។
ចំណែកឯជនសង្ស័យ ជាម្ចាស់ផ្ទះ ក៏ត្រូវបញ្ចូនខ្លួនរួមទាំងវត្ថុតាំងមកធ្វើការសាកសួរ និងប្រគល់ជូនសមត្ថកិច្ចជំនាញពាក់ពន្ធ័ ដើម្បីបន្តនិតិវិធីច្បាប់ជាធរមាន៕

