សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតប្រភេទកីឡាដែលចូលចិត្តលេង និងលើកឡើងថា ការហាត់ប្រាណ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ តាមរយៈហ្វេសប៊ុក បានបង្ហោះរូបថតលេងទាត់បាល់ និងបាល់ទះនាទសវត្សរ៍១៩៨០ ព្រមទាំងរូបថតវាយកូនគោលដំបូង នាឆ្នាំ២០០០ ដោយថ្លែងសារថា ការហាត់ប្រាណ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា។ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។ ខ្ញុំចេះលេងកីឡា ៤ប្រភេទមានបាល់ទះ បាល់ទាត់ បោះប៊ួល និងចុងក្រោយ គឺវាយកូនគោល។ អុំទូកលេងតាមរដូវកាល និងលេងអុក តែការលេងអុកគួរកុំលេងយូរពេក ដែលធ្វើឲ្យយើងឈឺចង្កេះ។ ការហាត់ប្រាណ តាមរយៈកីឡាក្តី ឬតាមរយៈការធ្វើចលនា ដូចជាដើរ រត់ ហែលទឹក លើកដុំដែកឬធ្វើពលកម្ម។ល។ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។

សម្រាប់រូបខ្ញុំ ប្រសិនបើខ្ញុំមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាពខ្ញុំមិនល្អដូចពេលនេះទេ ដោយសារធ្លាប់ត្រូវរបួស៥លើក និងការវះកាត់ធំ
ចំនួន ៣លើក (1995.2017.2019) ដែលធ្វើឲ្យខ្ញុំអស់ឈាមច្រើននិងត្រូវថ្នាំសណ្តំច្រើន ពិសេសឆ្នាំ២០១៧ពេទ្យ ប្រើពេលវះកាត់ឆ្អឹងចង្កេះ ឲ្យខ្ញុំដោយត្រូវប្រើពេល ៥ម៉ោងនិង២០នាទី។ ការស្តារសុខភាពឡើងវិញ ក្រោយវះកាត់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដែលក្នុងនោះពេទ្យណែនាំសំខាន់ ឲ្យហាត់ប្រាណនេះឯង។

ខ្ញុំសូមជូនរូបថតទាត់បាល់ និងបាល់ទះនាទសវត្សន៍១៩៨០ និងក្រោយមកទៀតព្រមទាំងរូបថតវាយកូនគោលដំបូងនាឆ្នាំ២០០០ និងពេលបច្ចុប្បន្នដើម្បីធ្វើការប្រៀបធៀប»៕

Leave a Reply

Your email address will not be published. Required fields are marked *