សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីទីក្រុងនីល ប្រទេសបារាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្ដែនៅពេលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរស្ម័គ្រចិត្តទៅធ្វើជាភ្នាក់ងារផ្សព្វផ្សាយរបស់គេ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?

តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ បានជួយផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលបានរៀបចំឡើយ និងផ្សព្វផ្សាយវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើជាតិកម្ពុជា។

ត្រង់ចំណុចនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាដក ឬក៏ជាការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិរបស់ខ្លួន?។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួយគិត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើង ប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិ ជួយពិចារណាផងចុះ»

សូមរំលឹកថា នាថ្មីៗនេះ មានសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។ រូបគេបានប្រើប្រាស់ គណនី TikTok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth P G EM» ដើម្បីផ្សព្វផ្សាយវីដេអូក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ពជួរមុខ។

ក្រៅពីការប្រតិកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»

ករណីនេះ មន្រ្តីនគរបាលជាន់ខ្ពស់ទទួលការងារសន្តិសុខជាតិ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះក្រុមប្រឆាំងក្រោមបញ្ជារបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងបំពុលសង្គមតាមរយៈការផលិត និងចែកចាយវីដេអូ ប្រឌិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

មន្រ្តីនគរបាលជាន់ខ្ពស់ដែលទទួលបន្ទុកការងារសន្តិសុខជាតិ បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីចាត់វិធានការតាមច្បាប់ ចំពោះមនុស្សមួយក្តាប់តូចដែលជាក្រុមរបស់ទណ្ឌិត សម រង្ស៉ី នៅក្រៅស្រុក បាននិងកំពុងបង្កើតចលនាផលិត និងចែកចាយ សកម្មភាពប្រឌិតស្លៀកឯកសណ្ឋានកងទ័ព ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ពដ៏អង់អាចក្លាហានរបស់ជាតិ។

តាមលទ្ធផលស្រាជ្រាវ, សមត្ថកិច្ចជំនាញ បានកំណត់បុរសម្នាក់ស្លៀកឯកសណ្ឋានយោធានោះ ជាក្រុមជ្រុលនិយមនៅក្រៅប្រទេសមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស កើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៨៨ និងមានទីកន្លងកំណើត ខេត្តព្រះវិហារ ហើយបន្តមករស់នៅភូមិចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នបុគលរូបនេះរស់នៅខេត្តខនថាក់បូរី ក្រុងបាងកក ប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *